វាលស្មៅដ៏ក្រាស់ ពណ៌ខៀវខ្លះ និងក្រហមប្រឿងៗខ្លះ អមសងខាងផ្លូវជាតិមួយខ្សែ តែងទ្រេតយោលយោគទៅមក តាមជំនោរខ្យល់បកបោកនៃខែកត្តិក។ ពេលទៅដល់វាលស្មៅលាតសន្ធឹងលើហ្វូងភ្នំតូចធំនេះកាលណា សញ្ញាប្រាប់ថា ការធ្វើដំណើរជិតបានទៅដល់គោល ដៅហើយ។ មិនយូរប៉ុន្មាន ទីក្រុងដ៏តូចមួយនឹងលេចបន្តិចម្ដងៗនៅចំពោះមុខគេ។ នោះគឺក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី។
ទិដ្ឋភាពទាំងឡាយដែលអ្នកដំណើរបានប្រទះឃើញនៅអមសងខាងផ្លូវ មុនទៅដល់ទីរួមខេត្តនេះ គឺជាផ្នែកមួយធ្វើឲ្យខេត្តមណ្ឌលគិរីមានឈ្មោះបោះសំឡេង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនៅរដូវរងា នាខែកត្តិកនេះតែម្ដង។
ម្ចាស់ផ្ទះសំណាក់ប៊ូស្រាក្នុងខេត្តមណ្ឌលគិរី ដែលមានភ្ញៀវខ្មែរនិយមមកស្នាក់នៅភាគច្រើន លោក រាជ សំណាង ឲ្យដឹងថា នៅថ្ងៃបុណ្យអុំទូកខាងមុខនេះ នឹងមានភ្ញៀវបាក់មកជួលបន្ទប់របស់លោកច្រើនមិនខាន ព្រោះជាទម្លាប់រាល់ឆ្នាំសម្បូរមនុស្សបុកមកលេងណាស់ក្នុងឱកាស បុណ្យទានអីចឹង។ ពេលនេះ លោកកំពុងត្រៀមបន្ទប់បម្រុងសម្រាប់ឆកយកភ្ញៀវក្នុងឱកាសនេះ។
អ្នកទទួលភ្ញៀវផ្ទះសំណាក់ Bungalow Nature Lodge ដែលសម្បូរភ្ញៀវបរទេសភាគច្រើន លោក លុញ ចិន្ត្រា ឲ្យដឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងនៅក្នុងខេត្តមណ្ឌលគិរីនេះ នៅពេលណារដូវប្រាំងចាប់ចូលមកដល់ ព្រោះតំបន់កម្សាន្តខ្លះចាប់ផ្ដើមស្ងួត ធ្វើឲ្យភ្ញៀវទេសចរអាចដើរកម្សាន្តបានយ៉ាងស្រួល។
ចិន្ត្រាបញ្ជាក់ថា៖ “បើមិនបានកក់សំបុត្រទុកជាមុនទេ នៅថ្ងៃបុណ្យអុំទូកខាងមុខនេះ គឺគ្មានបន្ទប់ស្នាក់នៅទេ សុទ្ធតែភ្ញៀវទាំងអស់”។
មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តមណ្ឌលគិរីនេះ លោក ប៊ុត វណ្ណលាង ឲ្យដឹងថា កន្លែងកម្សាន្តដែលទាក់ទាញភ្ញៀវទេសចរទាំងខ្មែរ និងបរទេស គឺមានទឹកជ្រោះប៊ូស្រា ទឹកធ្លាក់រមនា ចម្ការកាហ្វេ សមុទ្រឈើ ភ្នំដោះក្រមុំ និងភូមិជនជាតិដើមភាគតិច។ នៅពេលភ្ញៀវត្រឡប់ពីកម្សាន្តនៅតំបន់ទាំងនេះវិញ គេនិយមទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានរមិស ដែលអាចទស្សនាការសម្ដែងរបាំប្រពៃណីរបស់ជនជាតិដើមភាគតិចបាន។
លោកវណ្ណលាងបញ្ជាក់ថា៖ “ពេលខ្លះគេក៏ជិះដំរីចូលក្នុងព្រៃមើលទេសភាពកម្សាន្តលេងដែរ ដូច្នេះការដើរលេងកម្សាន្តរបស់អ្នកទេសចរណ៍ខ្លះអាស្រ័យលើការ កុម្ម៉ង់របស់គេដែរ។ គេចង់ទៅកម្សាន្តនៅទីណា យើងនាំទៅកន្លែងហ្នឹង”។
នាពេលកន្លងមក ខេត្តមណ្ឌលគិរីនេះត្រូវបានគេហទំព័រធ្វើដំណើរកម្សាន្តល្បីលំដាប់ ពិភពលោក នោះគឺ Lonely Planet សរសើរថាជាខេត្តមានទេសភាពស្អាត ដោយប្រៀបធៀបខេត្តនេះថា៖ “នៅរដូវប្រាំង គឺដូចប្រទេស Wales (ចក្រភពអង់គ្លេស) ដោយមានពន្លឺព្រះអាទិត្យភ្លឺចិញ្ចែងចិញ្ចាច ឯរដូវវស្សាវិញ គឺដូចរដ្ឋTasmania របស់ប្រទេសអូស្ត្រាលី ដោយមានភ្លៀងធ្លាក់ច្រើន”។
យុវជន ចាន់ ដារា អាយុ២៧ឆ្នាំ ដែលធ្លាប់ទៅកម្សាន្តនៅខេត្តមណ្ឌលគិរីនេះតាំងពីឆ្នាំ២០១១ ឲ្យដឹងថា នៅខែវិច្ឆិកាអីចេះ ខេត្តនេះមានអាកាសធាតុត្រជាក់ខ្លាំង និងចុះអព្ភ សឹងតែដូចនៅបរទេសទៅហើយ។
យុវជនរូបនេះបញ្ជាក់ថា៖ “ដងផ្លូវឆ្ពោះទៅសែនមនោរម្យមានវាលស្មៅខ្ពស់ទាប វែងអន្លាយស្រស់ស្អាតណាស់។ ដីពណ៌ក្រហម ស្អាត និងគ្មានធូលីហុយទេ។ បើយើងចូលចិត្តថតរូបទៀត មណ្ឌលគិរីនេះគឺជាកន្លែងដ៏ល្អបំផុតក្នុងឱកាសបុណ្យអុំទូកខាង មុខនេះ”៕
អត្ថបទ៖ មាស រ័ត្ន
អត្ថបទដកស្រង់ទាំងស្រុងពីគេហទំព័រSabay( http://news.sabay.com.kh/articles/505558)